ក្រុមហ៊ុន LG បានដាក់បង្ហាញមុខងារបញ្ញាសិប្បនិម្មិត (AI) ជំនាន់ថ្មីសម្រាប់គ្រឿងអេឡិចត្រូនិចប្រើប្រាស់ក្នុងគេហដ្ឋាន រួមមានមុខងារ LG AI Fresh លើទូទឹកកក និងប្រព័ន្ធ LG DUALCOOL™ AI លើម៉ាស៊ីនត្រជាក់ ដែលផ្ដោតលើការដោះស្រាយបញ្ហាកម្ដៅខ្លាំង និងសម្រួលដល់ការជួបជុំគ្នាក្នុងគេហដ្ឋាន៖

ទូទឹកកក LG AI Fresh រក្សាអាហារ និងភេសជ្ជៈឱ្យស្រស់ជានិច្ច៖ ប្រព័ន្ធ AI នឹងសិក្សាពីទម្លាប់នៃការប្រើប្រាស់របស់អ្នកក្នុងរយៈពេលប្រហែល ៣ សប្តាហ៍។ នៅពេលដឹងថាទ្វារទូទឹកកកនឹងត្រូវបើកបិទញឹកញាប់ (ដូចជាពេលមានភ្ញៀវ ឬកម្មវិធីជួបជុំចុងសប្តាហ៍) វាបញ្ចុះកម្ដៅទុកជាមុនដោយស្វ័យប្រវត្តិ ដើម្បីកាត់បន្ថយការប្រែប្រួលសីតុណ្ហភាពខាងក្នុង ធ្វើឱ្យបន្លែ ផ្លែឈើ និងភេសជ្ជៈនៅត្រជាក់ស្រស់ល្អដដែល។
មុខងារនេះមានបំពាក់នៅលើម៉ូឌែលទូទឹកកកឆ្លាតវៃ LG French-Door ស៊េរីទំនើប។

ម៉ាស៊ីនត្រជាក់ LG DUALCOOL™ AI បញ្ចុះកម្ដៅស្វ័យប្រវត្តិតាមចំនួនមនុស្ស៖ បំពាក់ដោយសេនស័រវាស់សីតុណ្ហភាព និងសំណើម ប្រព័ន្ធនេះនឹងបញ្ជាល្បឿនខ្យល់ និងទិសដៅខ្យល់ត្រជាក់ដោយស្វ័យប្រវត្តិនៅពេលបន្ទប់ចាប់ផ្តើមក្តៅ ឬមានមនុស្សចេញចូលច្រើន ដោយម្ចាស់ផ្ទះមិនចាំបាច់ដើរទៅចុចតេឡេបញ្ជាដោយដៃញឹកញាប់ឡើយ។ មុខងារនេះមានបំពាក់នៅលើម៉ាស៊ីនត្រជាក់ស៊េរី LG DUALCOOL™ Inverter ដូចជាម៉ូឌែល LG DUALCOOL Deluxe, Artcool និងម៉ូឌែលស៊េរីថ្មីៗ។
បច្ចេកវិទ្យាទាំងពីរនេះត្រូវបានរចនាឡើងដើម្បីសម្រួលដល់ការរស់នៅប្រចាំថ្ងៃ ជាពិសេសស័ក្តិសមបំផុតសម្រាប់ប្រទេសដែលមានអាកាសធាតុក្តៅ ដោយជួយឱ្យឧបករណ៍ទាំងពីរកែតម្រូវសីតុណ្ហភាពដោយស្វ័យប្រវត្តិយ៉ាងមានប្រសិទ្ធភាព និងអាចភ្ជាប់ដំណើរការជាមួយកម្មវិធី LG ThinQ® តាមទូរស័ព្ទដៃ៕


ប្រភព៖ LG Newsroom