![](https://www.ggear.com.kh/wp-content/uploads/2022/10/GGear-logo-white-for-Web.png)
ក្រុមហ៊ុន GGear Group Co., Ltd និងក្រុមហ៊ុន MG Cambodia បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ក្នុងនាមជាដៃគូអាជីវកម្ម ដើម្បីផ្តល់ការបញ្ចុះតម្លៃពិសេសដល់អតិថិជន។
ក្រុមហ៊ុនទាំងពីរព្រមព្រៀងគ្នាផ្គត់ផ្គង់ផលិតផលរបស់ខ្លួនសំរាប់អតិថិជនដែលជាសមាជិកក្នុងតម្លៃពិសេសមួយក្នុងរយៈពេល ៦ខែ ពោលគឺចាប់ពីខែ សីហា ឆ្នាំ២០២៣នេះតទៅ។ ពិធីនេះធ្វើឡើងនៅ MG showroom សាខា 60M នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣។
ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ មានការចូលរួមពីតំណាងមកពីក្រុមហ៊ុន GGear Group និងក្រុមហ៊ុន MG Cambodia ដើម្បីពិនិត្យ និងចុះហត្ថលេខាលើចំណុចសំខាន់ៗដែលបានព្រមព្រៀងគ្នា និងចាប់ផ្តើមសហប្រតិបត្តិការយុទ្ធសាស្ត្រនេះ។ ចក្ខុវិស័យរួមគ្នា នៃក្រុមហ៊ុនទាំងពីរធ្វើឡើង ក្នុងគោលបំណងពង្រឹងការគ្រប់គ្រងឱ្យកាន់តែរឹងមាំ និងសមត្ថភាពរៀងៗខ្លួន ដើម្បីជំរុញភាពច្នៃប្រឌិត ពង្រីកទីផ្សារ និងបង្កើតតម្លៃពិសេសសម្រាប់អតិថិជន។
លោក គឹម អ៊ុំ (Mr. Kim Oum) នាយកប្រតិបត្តិផ្នែកលក់នៃក្រុមហ៊ុន MG Cambodia បានលើកឡើងថា «ថ្ងៃនេះជាឱកាសដ៏ល្អក្នុងដំណើររួមគ្នារវាងក្រុមហ៊ុន MG Cambodia និង GGEAE Group ក្នុងភាពជាដៃគូរប្រកបដោយគុណភាព និងសហការផ្តល់តម្លៃពិសេសសំរាប់អតិថិជនមានន័យថា បន្ទាប់ពីអតិថិជនទិញរថយន្ត MG ពី MG auto ពួកគេនឹងមានឱកាសច្រើនក្នុងការទទួលបានការបញ្ចុះតម្លៃពិសេសក្នុងការបញ្ជាទិញគ្រឿងអេឡិចត្រូនិចពីដៃគូសហការរបស់យើង ដោយគ្រាន់តែបង្ហាញកាតសមាជិក។ តាមរយៈកិច្ចសហប្រតិបត្តិការនេះក្រុមហ៊ុនទាំងពីរបានរំពឹងថានឹងជួយជំរុញឱ្យវិស័យរថយន្ត និងបច្ចេកវិទ្យានៅកម្ពុជាមានភាពរីករើន»។
លោកហ៊ ហាប់ នាយកប្រតិបត្តិផ្នែកអាជីវកម្មមានប្រសាសន៍ថា «យើងសង្ឃឹមថា ចំណងមិត្តភាពបន្ទាប់ពីការ Sign MOU នៅថ្ងៃនេះ យើងនឹងអាចធ្វើការងារជាមួយគ្នា ស្វែងយល់ពីគ្នាទៅវិញទៅមក ដើម្បីរៀបចំយុទ្ធសាស្ត្រពង្រឹង និងពង្រីកសេវាកម្ម និងផលិតផលរបស់យើងនៅក្នុងទីផ្សារបាន។ លើសពីនេះទៀតនោះយើងអាច ជួយគ្នាក្នុងការជួយណែនាំផលិតផល និងផ្តល់តម្លៃមួយ ពិសេសសំរាប់អតិថិជនដែលជាសមាជិករបស់យើងផងដែរ»។
លោកបានបញ្ជាក់បន្ថែមទៀតថា «ការចាប់ដៃគូជាមួយស្ថាប័នមួយយើងមិនមែនសំដៅទៅលើប្រាក់ចំណេញតាមរយៈការលក់ផលិតផលរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែយើងនឹងប្រឹងប្រែងជួយអភិវឌ្ឍន៍អាជីវកម្មដៃគូរបស់យើងទៅវិញទៅមក ដើម្បីអាចផ្តល់ផលិតផល និងសេវាកម្មមួយដែលជាតម្រូវការពិតប្រាកដ និងផ្តល់ភាពងាយស្រួលសំរាប់អតិថិជន ដែលមានតម្លៃសមរម្យ ហើយយើងអាចទទួលយកបានទាំងអស់គ្នា»។
កិច្ចសហប្រតិបត្តិការបានសម្រេចរួមបញ្ចូលការបញ្ចុះតម្លៃពិសេស 10% លើផលិតផល នៅក្នុងហាងLG BrandShop ដែលជាអាជីវកម្មនៃក្រុមហ៊ុន GGEAR Group សម្រាប់អតិថិជនរបស់ក្រុមហ៊ុនរថយន្ត MG ហើយអតិថិជនរបស់ក្រុមហ៊ុន GGEAR Group នឹងទទួលបានការបញ្ចុះតម្លៃពិសេស $200 នៅពេលពួកគេទិញរថយន្ត MG ។ ក្រុមហ៊ុន MG Cambodia និងក្រុមហ៊ុន GGEAR Group នឹងធ្វើការយ៉ាងជិតស្និទ្ធដើម្បីស្វែងរក និងផ្តល់នូវតម្លៃល្អបំផុតដល់អតិថិជនរបស់ខ្លួន បន្ទាប់ពីអតិថិជនបានក្លាយជាសមាជិកនៃក្រុមហ៊ុនទាំងពីរ៕