ក្រុមហ៊ុន ជីហ្គៀ គ្រុប និងវិទ្យាស្ថានពហុបច្ចេកទេសតេជោសែន (NPIT)បានសហការរៀបចំសិក្ខាសាលាស្តីពី បច្ចេកវិទ្យាថ្មីនៃផលិតផល LG សំរាប់និស្សិតដែលរៀនបច្ចេកទេសនេះ បានសិក្សាស្វែងយល់លើគ្រឿង អេឡិចត្រូនិចបន្ថែម។
កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពនិស្សិតបន្ថែមលើកម្មវិធីសិក្សាដែលមានស្រាប់នៅវិទ្យាស្ថានអំពីបច្ចេកវិទ្យា និងគ្រឿងបង្គុំឧបករណ៍អេឡិចត្រូនិចLG និងផ្តល់ឱកាសដលនិស្សិតបានអនុវត្តផ្ទាល់លើ គ្រឿងម៉ាស៊ីន ដោយមានការណែនាំពីអ្នកជំនាញរបស់ក្រុមហ៊ុន ជីហ្គៀ គ្រុប។
គំនិតផ្តួចផ្តើមនៃការបង្កើតកម្មវិធីនេះឡើងដោយថ្នាក់ដឹកនាំក្រុមក្រុមហ៊ុន ជីហ្គៀ គ្រុប បានមើលឃើញអំពី ចំណុចខ្វះខាតរបស់និស្សិតលើជំនាញបច្ចេកវិទ្យាគ្រឿងអេឡិចត្រូនិចជំនាន់ក្រោយៗដែលមានបច្ចេកវិទ្យាខ្ពស់ និងមានភាពឆ្លាតវៃ និងផលិតឡើងតាមស្តង់ដារ ព្រមទាំងជាដំណោះស្រាយថ្មី សំរាប់អ្នកប្រើប្រាស់។
លោកហ៊ ហាប់ នាយកប្រតិបត្តិផ្នែកអាជីវកម្មនៃក្រុមហ៊ុន ជីហ្គៀ គ្រុបបានលើកឡើងថាក្រុមហ៊ុន បានគិតគូរអំពីការអប់រំបច្ចេកវិទ្យានេះសំរាប់យុវជនដែលរៀនជំនាញបច្ចេកទេសព្រោះបច្ចេកវិទ្យា LG មាន ការអភិវឌ្ឍលឿនលើបញ្ញាសិប្បនិម្មិតដែលមានភាពឆ្លាតវៃជួយសម្រួលដល់អ្នកប្រើប្រាស់។ មិនតែប៉ុណ្ណោះ វាជាផលិតផលដែលកំពុងពេញនិយមខ្លាំងនៅក្នុងប្រទេសកម្ពុជាព្រោះវាមានភាពធន់ មានបច្ចេកវិទ្យាខ្ពស់ ផ្តល់ផលប្រយោជន៍ដល់សុខភាព សុំភ្លើងតិច ងាយស្រួលប្រើប្រាស់ និងជាផលិតផលនាំចូលស្របច្បាប់ មានការបង់ពន្ធដារត្រឹមត្រូវ។
ដូច្នេះហើយបានជាយុវជនត្រូវអភិវឌ្ឍន៍ខ្លួនឱ្យបានទាន់ពេលវេលាដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់នៅក្នុងសង្គម និងពង្រឹងលើសមត្ថភាពរបស់ខ្លួនបន្ថែម ទើបអាចមានឱកាសប្រកួតប្រជែងការងារ នៅក្នុងវិស័យនេះ បាន។
លោក ប៉ែន សិង្ហ នាយរងនៃវិទ្យាស្ថានពហុបច្ចេកទេសតេជោសែន មានប្រសាសន៍ថាជំនាញវិជ្ជាជីវៈ ជាពិសេសគ្រឿងអេឡិចត្រូនិច មានសារៈសំខាន់ណាស់ក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិតាមរយៈជំនាញ របស់ពួកគេដែលបានផ្តល់សេវាទៅកាន់អ្នកប្រើប្រាស់ ឬក្រុមហ៊ុននានា ហើយវាអាចជួយលើកកម្ពស់សេដ្ឋកិច្ច គ្រួសាររបស់ពួកគេផងដែរ។ លោកសង្ឃឹមថានិស្សិតទាំងអស់ និងផ្សព្វជំនាញទាំងអស់នេះទៅកាន់យុវជន ដ៏ទៃទៀត ដើម្បីទទួលបាន ឱកាសសិក្សាជំនាញបច្ចេកទេសដែលរដ្ឋាភិបាលកំពុងជំរុញឱ្យមានការចូលរួមពីយុវជន យើង។
បន្ថែមលើនេះទៀតលោកក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន ជីហ្គៀ គ្រុបដែលបានចូលរួមចំណែកជួយអភិវឌ្ឍន៍ ចំណេះដឹងដល់យុវជននៃវិទ្យាស្ថានបច្ចេកទេសតេជោសែន តាមរយៈកម្មវិធី Tech Seminar ដែលបានផ្តល់ ឱកាសដល់យុវជនបានរៀនសូត្រពីអ្នកជំនាញ និងបានអនុវត្តផ្ទាល់លើគ្រឿងអេឡិចត្រូនិចរបស់ក្រុមហ៊ុន LG។
តាមរយៈTech Seminar នៅវិទ្យាស្ថានពហុបច្ចេកទេសតេជោសែននាព្រឹកថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៣នេះមានការចូលរួមពីនិស្សិតបច្ចេកទេសចំនួន ១២០នាក់។
នេះមិនមែនជាលើកទីមួយនោះទេដែលក្រុមហ៊ុន ជីហ្គៀ គ្រុបបានផ្តល់កម្មវិធីពង្រឹងសមត្ថភាពនេះសំរាប់សិស្សនិស្សិត ដែលរៀនបច្ចេកទេស ប៉ុន្តែក្រុមហ៊ុនបានរៀបចំសិក្ខាសាលានេះជាមួយវិទ្យស្ថានផ្សេងៗទៀតជាច្រើនកន្លែងរួចមកហើយ៕