
ភ្នំពេញ ថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៦ – ក្នុងបរិយាកាសដ៏អធិកអធមនៃពិធីអបអរសាទរខួបទី ១៥ ឆ្នាំ ក្រុមហ៊ុន ជីហ្គៀ គ្រុប (GGEAR Group) បានបង្ហាញនូវមោទនភាពចំពោះដំណើរអាជីវកម្មដ៏វែងឆ្ងាយ ដែលពោរពេញដោយភាពធន់ ភាពសុចរិត និងការរីកចម្រើនប្រកបដោយចីរភាព។ ចាប់តាំងពីការឈានជើងចូលទីផ្សារដំបូងក្នុងឆ្នាំ ២០១១ រហូតមកដល់បច្ចុប្បន្ន ក្រុមហ៊ុនបានវិវត្តខ្លួនយ៉ាងរឹងមាំទៅជាសសរស្តម្ភដ៏សំខាន់ ក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យានៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្នុងសុន្ទរកថាដ៏មានអត្ថន័យ ឧកញ៉ា សុខ ពិសិដ្ឋ អគ្គនាយកនៃក្រុមហ៊ុន ជីហ្គៀ គ្រុប បានរំលេចនូវទស្សនវិស័យស្នូលដែលនាំឱ្យក្រុមហ៊ុនរឹងមាំឈរមកទល់សព្វថ្ងៃ និងទទួលបានទំនុកចិត្តខ្ពស់បំផុតថា៖«ធ្វើអ្វីក៏ដោយ គឺយើងធ្វើឱ្យត្រូវ ហើយធានាឱ្យបាននូវសុចរិតភាពរបស់ក្រុមហ៊ុន។»

ឧកញ៉ាបានសង្កត់ធ្ងន់ថា ជោគជ័យរបស់ក្រុមហ៊ុនមិនមែនកើតឡើងដោយចៃដន្យឡើយ ប៉ុន្តែវាត្រូវបានកសាងឡើងដោយការតាំងចិត្តមិនបោះបង់ និងការប្រកាន់ខ្ជាប់នូវផ្លូវត្រង់។ លោកបានបន្តថា ការបង្រៀនបុគ្គលិកឱ្យយល់ពីរបៀបរបបធ្វើការដែលត្រឹមត្រូវ មិនគេចពន្ធ និងមិនប្រព្រឹត្តអំពើមិនស្មោះត្រង់ គឺជាបេសកកម្មសំខាន់ដើម្បីកសាងធនធានមនុស្សសម្រាប់អនាគតកម្ពុជា។ តាមរយៈយុទ្ធសាស្ត្រ (២០២១-២០៣០) ក្រុមហ៊ុនកំពុងពង្រឹងបង្គោលគ្រឹះទាំង ៤ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារទំនើប។

ជាការឆ្លុះបញ្ចាំងពីប្រតិបត្តិការអាជីវកម្ម និងការប្រកួតប្រជែង លោក ហ៊ ហាប់ នាយកផ្នែកអាជីវកម្មនៃក្រុមហ៊ុន ជីហ្គៀ គ្រុប មានប្រសាសន៍ថា៖ «យើងមិនមែនត្រឹមតែជាអ្នករស់រានដែលសេសសល់ពីវិបត្តិនោះទេ ប៉ុន្តែយើងគឺជា អ្នកកំណត់វាសនានៃទីផ្សារគ្រឿងអេឡិចត្រូនិកនៅកម្ពុជា តាមរយៈការកសាងទំនុកចិត្តដែលគូប្រជែងមិនអាចដេញទាន់។»

លោកបានបន្តថា ទោះបីជាត្រូវប្រឈមនឹងបញ្ហាសកល ឬការប្រកួតប្រជែងមិនស្មើភាពគ្នាក៏ដោយ ក្រុមហ៊ុន ជីហ្គៀ គ្រុប (GGEAR Group) នៅតែប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងភាពថ្លៃថ្នូរក្នុងអាជីវកម្មជានិច្ច។ សក្ខីភាពនៃភាពរឹងមាំនេះ ត្រូវបានឆ្លុះបញ្ចាំងតាមរយៈការសម្រេចបាននូវចំណែកទីផ្សារ ២៦% លើផលិតផល LG Electronics សម្រាប់ប្រើប្រាស់ក្នុងលំនៅឋាន និងអាជីវកម្ម។ បន្ថែមលើសមិទ្ធផលនេះ ក្រុមហ៊ុនក៏ទទួលបានអនុលោមភាពពន្ធដារប្រភេទ «មាស» រយៈពេល ៦ ឆ្នាំជាប់គ្នា ដែលជាភស្តុតាងដ៏រឹងមាំនៃភាពត្រឹមត្រូវ និងតម្លាភាពក្នុងប្រតិបត្តិការអាជីវកម្មរបស់ ជីហ្គៀ គ្រុប។

សម្រាប់ក្រុមហ៊ុន ជីហ្គៀ គ្រុប ការរីកចម្រើនត្រូវតែមាននិរន្តរភាព។ ក្នុងរយៈពេល ១៥ ឆ្នាំនេះ ក្រុមហ៊ុនបានបណ្តុះបណ្តាលជាងជំនាញ និងនិស្សិតបច្ចេកទេសជាង ៧,០០០ នាក់ ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងកិច្ចការមនុស្សធម៌ ដូចជាការសហការជាមួយសមាគម TYDA និងការបរិច្ចាគឈាមប្រចាំឆ្នាំជាដើម។ លើសពីនេះ ក្រុមហ៊ុនក៏ជាក្រុមហ៊ុន ដំបូងគេដែលទទួលបានវិញ្ញាបនបត្រ ISO ៩០០១ លើការគ្រប់គ្រង និង ISO ៤៥០០១ លើសុវត្ថិភាពការងារ។

តាមរយៈការវិនិយោគលើធនធានមនុស្ស និងការនាំមកនូវបច្ចេកវិទ្យាទំនើបបំផុតពីដៃគូយុទ្ធសាស្ត្រលំដាប់ពិភពលោកដូចជា LG, Panasonic, Hyundai, KHIND និង Modena ក្រុមហ៊ុន ជីហ្គៀ គ្រុប កំពុងបោះជំហានយ៉ាងមុតមាំឆ្ពោះទៅរកគោលដៅក្តោបក្តាប់ចំណែកទីផ្សារ ៤០% នាពេលខាងមុខ។ជាទីបញ្ចប់ ថ្នាក់ដឹកនាំទាំងពីររូបបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូអាជីវកម្ម និងសហការីទាំងអស់ដែលបាន រីកចម្រើនរួមគ្នា (Growing Together) និងប្តេជ្ញាបន្តបេសកកម្មនេះ ដើម្បីអនាគតដ៏រុងរឿង និងការរស់នៅដ៏ទាន់សម័យសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប។គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ជីហ្គៀ គ្រុប (GGEAR Group) បានប្រារព្ធពិធីអបអរសាទរខួបទី ១៥ ឆ្នាំយ៉ាងអធិកអធម កាលពីថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៦ នៅសណ្ឋាគារ សុខា ភ្នំពេញ។ កម្មវិធីនេះបានជួបជុំមហាគ្រួសារ ជីហ្គៀ គ្រុប យ៉ាងច្រើនកុះកររហូតដល់ជាង ៦០០ នាក់ ដែលអញ្ជើញមកពីបណ្ដាសាខា និងការិយាល័យទូទាំងប្រទេស ដើម្បីរួមគ្នាអបអរសាទរសមិទ្ធផល និងមោទនភាពនៃដំណើរអាជីវកម្មរយៈពេល ១.៥ ទសវត្សរ៍កន្លងមកនេះ។

អំពីក្រុមហ៊ុន ជីហ្គៀ គ្រុប (GGEAR Group): ជីហ្គៀ គ្រុប គឺជាអ្នកផ្គត់ផ្គង់ និងផ្តល់ដំណោះស្រាយគ្រឿងអេឡិចត្រូនិកបច្ចេកវិទ្យាខ្ពស់ឈានមុខគេនៅកម្ពុជា ដែលមានបណ្តាញចែកចាយ និងមជ្ឈមណ្ឌលសេវាកម្មគ្របដណ្តប់ទូទាំងប្រទេស ប្រកបដោយវិជ្ជាជីវៈ និងទំនុកចិត្តខ្ពស់បំផុត៕